ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆបោក​តាម​អ៊ីនធឺណិត កំពុងអនុវត្តយ៉ាងខ្លាំងក្លា

Khmer Times Share:
ជនសង្ស័យឆបោកតាមប្រព័ន្ធអ៊ីនធឺណេត រួមទាំង៤១នាក់នៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់នគរបាលចិន ត្រូវបានបញ្ជូនទៅកាន់ប្រទេសចិននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសមីយ៉ាន់ម៉ា។ រូបថត chinadaily

ឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀននៅក្នុងមហាអនុតំបន់ទន្លេមេគង្គត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធដោយមានការចូលរួមពីមន្ត្រីមកពីប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម។

លោក Tsang Wai-hung ស្នងការរងនៃគណៈកម្មការជាតិគ្រប់គ្រងគ្រឿងញៀនចិនបាននិយាយថា ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីរបស់ខ្លួននៅក្នុងប្រទេសជិតខាងដើម្បីដោះស្រាយបញ្ហាឆបោកតាមអ៊ីនធឺណិត។ ការចាប់ខ្លួនជនសង្ស័យឆបោកនាពេលថ្មីៗនេះ គឺជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងរបស់ប្រទេសចិនក្នុងការដោះស្រាយបញ្ហានេះ។

លើសពីនេះ រដ្ឋបាលអន្តោប្រវេសន៍ជាតិរបស់ប្រទេសចិនក៏បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត។

ក្រសួងសន្តិសុខសាធារណៈបាននិយាយនៅថ្ងៃសុក្រថា ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិតឥឡូវនេះផ្តោតកាន់តែខ្លាំងលើភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ដោយប្រទេសមីយ៉ាន់ម៉ាបានប្រគល់ជនសង្ស័យចំនួន ១២០៧នាក់ផ្សេងទៀត ទៅកាន់ប្រទេសចិនកាលពីថ្ងៃពុធ បន្ទាប់ពីប្រតិបត្តិការប្រកបដោយជោគជ័យកាលពីថ្ងៃទី៣ ខែកញ្ញា។

ក្រសួងបាននិយាយថាកិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានពង្រឹងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរបស់នគរបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនផ្តោតលើពលរដ្ឋចិន។

ក្រសួងបានចល័តនាយកដ្ឋានសន្តិសុខសាធារណៈនៅក្នុងខេត្តយូណាន (Yunnan) និងតំបន់ផ្សេងទៀត ដើម្បីជំរុញការបង្ក្រាបលើឧក្រិដ្ឋកម្មបែបនេះ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបោកប្រាស់តាមអ៊ីនធឺណិតដ៏ស្មុគស្មាញនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។

ជាលទ្ធផល អង្គភាពសន្តិសុខសាធារណៈនៃទីក្រុង Pu’er នៃខេត្តយូណាន បានអនុវត្តកិច្ចសហប្រតិបត្តិការព្រំដែនយ៉ាងសកម្មជាមួយកងកម្លាំងអនុវត្តច្បាប់ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានផ្តល់ព័ត៌មានដល់ពួកគេអំពីក្រុមបោកប្រាស់ និងក្រុមឆបោក (scammers) ឱ្យបានទាន់ពេលវេលា។

ខណៈដែលជនសង្ស័យចំនួន ១២០៧ នាក់ត្រូវបានប្រគល់កាលពីថ្ងៃពុធ នាយកដ្ឋានអនុវត្តច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាក៏បានរឹបអូសវត្ថុមួយចំនួនធំដូចជាកុំព្យូទ័រ ទូរសព្ទដៃ ស៊ីមកាត និងកាតធនាគារ។

មន្ត្រីបាននិយាយថា ការស៊ើបអង្កេតបន្ថែមលើជនសង្ស័យទាំងនោះកំពុងដំណើរការ ហើយអ្នកដែលពាក់ព័ន្ធនឹងការបោកប្រាស់ ឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ ឬឧក្រិដ្ឋកម្មផ្សេងៗ នឹងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ។

នគរបាលចិននឹងស៊ើបអង្កេតឱ្យបានហ្មត់ចត់នូវតម្រុយណាមួយអំពីពលរដ្ឋចិនដែលត្រូវបានបង្ខាំងខ្លួនដោយខុសច្បាប់នៅបរទេស ហើយនឹងជំរុញឱ្យនាយកដ្ឋានអនុវត្តច្បាប់នៃប្រទេស និងតំបន់ពាក់ព័ន្ធចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការផ្តន្ទាទោសឧក្រិដ្ឋជន និងការពារសុវត្ថិភាពផ្ទាល់ខ្លួន សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិន។

កាលពីថ្ងៃទី៣ ខែកញ្ញា នគរបាលមកពីខេត្តស្វយ័ត Xishuangbanna Dai ក្នុងខេត្ត Yunnan និងភ្នាក់ងារអនុវត្តច្បាប់មកពីប្រទេសមីយ៉ាន់ម៉ាបានបំបែកបណ្តាញបោកប្រាស់ចំនួន ១១កន្លែង នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាដោយជោគជ័យក្នុងប្រតិបត្តិការរួមគ្នាដោយឃាត់ខ្លួនជនសង្ស័យចំនួន២៦៩នាក់ ក្នុងនោះមានជនជាតិចិនចំនួន១៨៦នាក់ផងដែរ។ ឧក្រិដ្ឋជន​ចិន​ត្រូវ​បាន​ប្រគល់​ឱ្យនគរបាល​ចិន​ និង​ត្រូវបានធ្វើ​មាតុភូមិ​និវត្តន៍​។

លោក Li Tao អនុប្រធានការិយាល័យអធិការកិច្ច និងគ្រប់គ្រងព្រំដែនរបស់រដ្ឋបាលអន្តោប្រវេសន៍ជាតិ បាននិយាយកាលពីថ្ងៃសុក្រ ថា ក្នុងរយៈពេលពីរខែកន្លងមកនេះ អាជ្ញាធរអន្តោប្រវេសន៍បានស៊ើបអង្កេតមនុស្សប្រហែល ១៤០០០ នាក់ដែលបានចូល ឬចាកចេញពីប្រទេសដោយខុសច្បាប់ ហើយបានបញ្ឈប់មនុស្សប្រហែល២១០០០នាក់ ដែលពាក់ព័ន្ធនឹងល្បែងអនឡាញ និងការបោកប្រាស់មិនឱ្យចាកចេញពីប្រទេស។

លោកបានបន្តថា នាយកដ្ឋានរដ្ឋបាលច្រកចេញ-ចូល ក៏បានរឹតបន្តឹងការចេញឯកសារចេញ-ចូល ព្រមទាំងបានពង្រឹងការត្រួតពិនិត្យសម្ភារៈអ្នកដាក់ពាក្យ ដើម្បីជំរុញការបង្រ្កាបល្បែងស៊ីសងឆ្លងដែន និងការឆបោកតាមអ៊ីនធឺណិត៕ China Daily

Related Posts

Previous Article

ក្រុមហ៊ុន NE Solar នៅកម្ពុជា នឹងបង្កើតរោងចក្រថ្មីនៅសហរដ្ឋអាមេរិក

Next Article

នាយក​រដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់សារជាថ្មី​ពី​ជោគជ័យ​របស់លោក​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ហ្សាកាតា