ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា បានឱ្យដឹងថា យុទ្ធនាការ​ហ៊ាន​និយាយ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កម្មក​រ​និយោជិត​កម្ពុជា ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០២២ កន្លងមក បាននិងកំពុង​អនុវត្ត​នៅ​រោងច​ក្រ​គោលដៅ​ចំនួន ​៤៣ ក្នុង​ខេត្ត​ចំនួន​៧​។​

​លោក គឹម បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា បាន​ប្រាប់​នៅ​ថ្ងៃទី​៣០ ខែកក្កដា ថា បច្ចុប្បន្ននេះ យុទ្ធនាការ​នេះ​ កំពុង​អនុវត្ត​នៅ​រោងច​ក្រ​គោលដៅ​ចំនួន ​៤៣ ក្នុង​ខេត្ត​ចំនួន ​៧​រួមមាន​៖ រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តតាកែវ និង​ខេត្តស្វាយរៀង ដែលមាន​កម្មករនិយោជិត​ជាង​ ២០​ ម៉ឺន ​នាក់​។

​លោក​បន្តថា ក្រៅពី​ការអនុវត្ត​នៅ​រោងចក្រ​គោលដៅ​ចំនួន ​៤៣​ នេះ ក៏មាន​រោងចក្រ​ចំនួន​២​បន្ថែមទៀត បាន​ចូលរួម​យុទ្ធនាការ​នេះ ពីព្រោះ​ដោយសារ​ថ្នាក់ដឹកនាំ ពួកគាត់​មានការ​ចាប់អារម្មណ៍​ចូលរួម​ក្នុង​យុទ្ធនាការ​ហ៊ាន​និយាយ​។​

​លោក​ថ្លែងថា ៖ «​សម្រាប់​យុទ្ធនាការ​ហ៊ាន​និយាយ គឺ​ផ្តោត​សំខាន់​ទៅលើ​ការជំរុញ​លើកទឹកចិត្ត និង​ផ្ដល់​ការគាំទ្រ​ដល់​ជ​នប​ង្កោ​លពី​សុ​វត្តិភាព​ចរាចរណ៍ ដើម្បីឱ្យ​ពួកគាត់​អាច​លើកឡើង​នូវ​ក្ដីកង្វល់ ហ៊ាន​លើកឡើង​នូវ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការធ្វើដំណើរ​របស់​កម្ម​ករ​និយោជិត ដែល​ពួកគាត់​បានធ្វើ​ដំណើរ​តាមរយៈ​រថយន្ត​ដឹកជញ្ជូន​»​។

​មួយវិញទៀត យុទ្ធនាការ​នេះ វា​ក៏​ផ្តោតទៅលើ​ការផ្លាស់ប្ដូរ​ឥរិយាបថ ការគិត​របស់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករនិយោជិត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្មករនិយោជិត ពួកគាត់​មាន​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ ដែល​ឥរិយាបថទាំងនោះ​មានដូចជា​៖ ការបើកបរ​ក្នុង​ល្បឿន​លឿន និង​ការបើកបរ​ក្នុងពេល​ស្រវឹង​ជាដើម​។ នេះ​បើតាម​ការបន្ថែម​ពី​លោក គឹម បញ្ញា​។​

​លោក​បញ្ជាក់ថា​៖ «​ជារួម​យើង​បានឃើញ​រោងចក្រ ចូលរួម​គាំទ្រ​យុទ្ធនាការ​ហ៊ាន​និយាយ​នេះ ហើយ​យើង​ក៏មាន​ទិសដៅ​ក្នុងការ​ពង្រីក​យុទ្ធនាការ​ហ៊ាន​និយាយ​នេះ ​ឱ្យបាន​គ្រប់​រោងចក្រ​នៅ​ទូទាំងប្រទេស​ហើយ​យើង​ក៏​ឃើញថា​ យុទ្ធនាការ​ហ្នឹង​ក៏បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​អ្នកបើកបរ និង​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​រថយន្ត​ជា​បន្តបន្ទាប់​ដើម្បី​ផ្ដល់​សុវត្ថិភាព​ដល់​ការធ្វើដំណើរ​របស់​កម្ម​ករ​និយោជិត​»​។​

​ទាក់ទង​នឹង​យុទ្ធនាការ​នេះ កញ្ញា ហែម ពិដោរ ដែលជា​បុគ្គល​មួយរូប​មាន​ប្រជាប្រិយភាព​ម្នាក់​នៅក្នុង​បណ្ដាញ​សង្គម បាន​ប្រើប្រាស់​វេទិកា​លើ​អុីនធឺណិត​ធ្វើការ​អំពាវនាវ​ឱ្យ​កម្មករនិយោជិត និង​សាធារណជន ចូលរួម​យុទ្ធនាការ​ហ៊ាន​និយាយ ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​សម្រាប់​កម្មករនិយោជិត​កម្ពុ​ជា​នៅ​ទូទាំងប្រទេស​។​

​កញ្ញា បាន​និយាយ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ នៅ​ថ្ងៃទី​២៨ ខែកក្កដា​ថា ឪពុកម្ដាយ​របស់​កញ្ញា​តែងតែ​ប្រាប់​កញ្ញា​ឱ្យ​ប្រុងប្រយ័ត្ន​ ក្នុងពេល​ធ្វើដំណើរ មិន​ថា​ចេញទៅ​ដើរលេង ឬ​ទៅ​ទៅធ្វើ​ការ​នោះទេ ហើយ​ពួកគាត់​តែង​ណែនាំ​បែបនេះ ក៏​ដោយសារតែ​ជាទូទៅ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ វា​ជា​បញ្ហា​ប្រឈម​ដែល​មនុស្ស​គ្រប់គ្នា​មិនអាច​មើលឃើញ​បាន​។​

​ក្រៅពីនេះទៀត កញ្ញា​ក៏​ជឿថា​ ក្រុមគ្រួសារ​ផ្សេងទៀត ក៏បាន​ណែនាំ​កូនចៅ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ក្នុងពេល​ធ្វើដំណើរ​បែបនេះ​ដែរ ហើយក៏​ដូចជា​ក្រុមគ្រួសារ​កម្មករនិយោជិត​ផងដែរ​។

​កញ្ញា​ ហែម ពិដោរ ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញថា ​ការធ្វើដំណើរ​របស់​បងៗ​កម្មករ​កម្មការិនី​រោងចក្រ​របស់​យើង ប្រឈម​នឹង​គ្រោះថ្នាក់​មែនទែន ដែល​មើលទៅ​វា​អត់​គួរ​មាន​ទំនុកចិត្ត​សោះ​ពី​រឿង​សុវត្ថិភាព​ចរាចរណ៍ ខណៈដែល​ឡាន​ខ្លះ​គាត់​ដាក់​លើស​ចំនួន​កំណត់ ហើយ​មាន​ការបើក​ប្រជែង​គ្នា និង​បើកបរ​ហួស​ល្បឿន​កំណត់​ជាដើម​»​។​

​កញ្ញា​បន្តថា​៖ «​ហេតុនេះហើយ​ទើប​ខ្ញុំ​សុំ​ចិត្ត​ឱ្យ​អ្នក​ទាំងអស់គ្នា ជាពិសេស​បងប្អូន​កម្ម​ករក​ម្មការិនី​រោងចក្រ ហ៊ាន​និយាយ​ពី​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ តើ​យើង​ហ៊ាន​និយាយ​ហ្នឹង​ត្រូវ​ទៅកាន់​ពី​ណា​គេ​វិញ​?​ពួកយើង​អាច​និយាយ​ទៅកាន់​បុគ្គល​ពាក់ព័ន្ធ​នានា​ដូចជា អ្នកបើកបរ ប្រធាន​ក្រុម​រោងចក្រ រដ្ឋបាល​រោងចក្រ ជន​បង្គោល​សុវត្ថិភាព និង​អាជ្ញាធរ​ផងដែរ​»​។​

​សូមបញ្ជាក់ថា យុទ្ធនាការ​ហ៊ាន​និយាយ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កម្មក​រ​និយោជិត​កម្ពុជា​ ត្រូវបាន​ចាប់ផ្ដើម​អនុវត្ត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២២ ដោយ​ទទួលបាន​ការគាំទ្រ​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID តាមរយៈ​មជ្ឈមណ្ឌល​សាមគ្គីភាព និង​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​៕