រោងចក្រ​នៅ​កម្ពុជា​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​អគ្គីសនី​រហូត​ដល់ ២០%

ជា វណ្ណ​យុទ្ធ / Khmer Times Share:
ពលរដ្ឋ​ម្នាក់​បង្ហាញ​ក្រដាស​ថ្លៃ​ភ្លើង។ រូបភាព៖ខ្មែរ​ថា​ម​ស៍

 

ក្រសួង​រ៉ែ និង​ថាមពល (MME) បានសម្រេច​កាត់បន្ថយ​តម្លៃ​អគ្គិសនី​ពី ១០ ទៅ ២០ ភាគរយ សម្រាប់​អ្នកប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​កាល​ថ្ងៃ​ពុធ ក្រសួង​បានឱ្យដឹងថា រដ្ឋាភិបាល​បានស្នើ​ឱ្យ​ខ្លួន និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​កាត់បន្ថយ​តម្លៃ​ថាមពល​សម្រាប់​អ្នកប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​ដែល​ត​ភ្ជាប់​ទៅ​បណ្តាញ​តង់ស្យុង​មធ្យម និង​ខ្ពស់​នៅ​ទូទាំងប្រទេស។

អ្នក​ប្រើប្រាស់​ដែល​បង់ថ្លៃ​ជា​មធ្យម អ្នកប្រើប្រាស់​ផ្អែកលើ​ពេលវេលា​ប្រើប្រាស់ និង​អ្នកប្រើប្រាស់​ដែលមាន​ការដំឡើង​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ដែល​ភ្ជាប់​ទៅ​បណ្តាញ​ជាតិ​អស់​រយៈពេល​លើសពី​ប្រាំ​មួយខែ មាន​សិទ្ធិ​ទទួលបាន​អត្ថប្រយោជន៍​ពី​ការបន្ធូរបន្ថយ​តម្លៃ​ថាមពល នេះ។

អ្នកប្រើ​ប្រាស់​នឹង​ទទួលបាន​ការបញ្ចុះ​ត១០ ភាគរយ​លើ​តម្លៃ​ថាមពល​ជា​មធ្យម​ប្រចាំខែ​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សៅរ៍​រវាង​ម៉ោង ៧ ព្រឹក​ដល់​ម៉ោង ៩ យប់ និង​​ការ​បញ្ចុះតម្លៃ ២០ ភាគរយ​លើ​ការប្រើប្រាស់​ថាមពល​ប្រចាំខែ​ជា​មធ្យម​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សៅរ៍​ចន្លោះ​ម៉ោង ៩ យប់​ដល់​ម៉ោង ៧ ព្រឹក និង ២៤ ម៉ោង​នៅ​ថ្ងៃអាទិត្យ និង​ថ្ងៃ​បុណ្យជាតិ។

សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា៖ «ក្រសួង​បានសម្រេច​ចិត្ត​កាត់បន្ថយ​តម្លៃ​អគ្គិសនី​សម្រាប់​អ្នកប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម ដើម្បី​លើកកម្ពស់​ផលិតកម្ម​នៅក្នុង​រោងចក្រ និង​សហគ្រាស ដើម្បី​បង្កើត​ការងារ និង​ប្រាក់ចំណូល​កាន់តែច្រើន​សម្រាប់​ប្រជាជន»។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ថ្លៃឈ្នួល​នឹងត្រូវ​កាត់បន្ថយ​សម្រាប់​រោងចក្រ​រយៈពេល​បី​ខែ​រហូតដល់​ដំណាច់ឆ្នាំ។

លោក​បន្តថា រោងចក្រ និង​សហគ្រាស​ប្រមាណ ២១,០០០ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល។

ចំណាត់ការ​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃ​អង្គារ បាន​ស្នើឱ្យ​ក្រសួង​កាត់បន្ថយ​តម្លៃ​អគ្គិសនី​សម្រាប់​រោងចក្រ និង​ជួយ​ពួកគេ​ឱ្យទទួល​បានការ​ប្រកួត​ប្រជែង​ដោយ​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម។

លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice (Cambodia) មានប្រសាសន៍ថា នេះ​ជា​សកម្មភាព​វិជ្ជមាន​មួយ​របស់​រដ្ឋាភិបាល។

លោក​ថ្លែងថា៖ «យើង​សូម​អរគុណ​ក្រសួង សម្រាប់​ការជួយ​កាត់បន្ថយ​ថ្លៃដើម​នៃ​ផលិតផល​តាមរយៈ​ពន្ធ​ថាមពល​ទាប។ ការចំណាយ​ដែល​សន្សំ​បាន​នឹងត្រូវ​ប្រើ​ដើម្បី​ទិញស្រូវ​បន្ថែម​ពី​កសិករ»។

ក្រសួង​បាន​បញ្ជាក់ថា ការបន្ធូរបន្ថយ​តម្លៃ​នេះ​នឹងមិន​អាចអនុវត្ត​ចំពោះ​ស្ថាប័ន​រដ្ឋាភិបាល សកម្មភាព​ពាណិជ្ជកម្ម និង​គ្រួសារ​បានទេ ដោយសារ​អ្នកប្រើប្រាស់​ក្នុង​ប្រភេទ​ទាំងនេះ​ត្រូវបាន​ឧបត្ថម្ភ​ធន​ដោយ​អគ្គិសនី​កម្ពុជា និង​រដ្ឋាភិបាល​រួចហើយ៕

Related Posts

Previous Article

អាមេរិក​នឹង​ជួយ​នាំយក​វត្ថុ​បុរាណ ៣៣ ត្រលប់មក​កម្ពុជា​វិញ​នៅពេលឆាប់ៗនេះ

Next Article

​សមត្ថកិច្ច​សៀមរាប​ប​ញ្ជ​ន​ជន​សង្ស័យ​ម្នាក់​ទៅ​តុលាការ​ពី​បទ​លួច​កាត់​ខ្សែភ្លើង​